Breaking News
Loading...
Wednesday, July 2, 2014

ឆេះស្ថានីយ ប្រេងសាំង នៅឃុំ ព្រែកកក់ សំណាងល្អជួយ អន្ដរាគមន៍ទាន់

6:54 PM
កំពង់ចាម ៖ ស្ថានីយប្រេង ឥន្ធនៈមួយកន្លែង ស្ថិតនៅ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម កាលពីវេលា ប្រមាណ ម៉ោង៥ល្ងាច ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៤នេះ ត្រូវបាន អគ្គិភ័យឆាបឆេះ យ៉ាងខ្លាំង ប៉ុន្ដែសំណាងល្អ ត្រូវបានកម្លាំង នគរបាល រថយន្តពន្លត់ អគ្គិភ័យ របស់ក្រុមហ៊ុន ចំការកៅស៊ូ ហេងឡុង និងប្រជាពលរដ្ឋ នៅក្បែរ កន្លែងកើតហេតុ ជួយអន្ដរាគមន៍ទាន់ ពេលវេលា ក្នុងរយៈពេល៣០នាទី ក្រោយមក មិនបណ្ដាលឱ្យរីករាល ដាលកាន់តែខ្លាំង និងប៉ះពាល់ដល់ ផ្ទះប្រជាពលរដ្ឋ នោះឡើយ ។ សេចក្ដីរាយការណ៍ពី សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្រោយពីមាន ករណីអគ្គិភ័យ កើតឡើងភ្លាម ស្នងការនគរបាល ខេត្ដកំពង់ចាម បានបញ្ជាឱ្យបញ្ជូន រថយន្ដពន្លត់អគ្គិភ័យ និងសុំអន្តរាគមន៍ រថយន្ដពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុនកៅស៊ូ ហេងឡុង ទៅជួយបាញ់ពន្លត់ ក្នុង រយៈពេល៣០នាទី ទើបភ្លើងបានថមថយទៅវិញ និងរលត់ទាំងស្រុងតែម្តង ។ បើតាមសមត្ថកិច្ច ក្នុងគ្រោះអគ្គិភ័យនេះ បានធ្វើឱ្យ រថយន្ដតួរីស មួយគ្រឿង ត្រូវឆេះបំផ្លាញ និងទ្រព្យ សម្បត្ដិមួយចំនួនទៀត ដូចជា ម៉ាស៊ីនភ្លើង តម្លៃប្រមាណ៣០០០ដុល្លារ ប៉ុន្ដែប្រេងនៅក្រោមដី និងផ្ទះប្រជាពលរដ្ឋ នៅក្បែរខាង មិនប៉ះពាល់នោះឡើយ ។ បើតាមសមត្ថកិច្ច បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យ មានគ្រោះអគ្គិភ័យ ខាងលើនេះ កើតឡើង ដោយសារតែ មានរថយន្តតួរីស មួយគ្រឿង ចូលទៅចាក់សាំង ហើយមិនពន្លត់ម៉ាស៊ីន ។ ជុំវិញគ្រោះអគ្គិភ័យ ខាងលើនេះ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលតាមទូរស័ព្ទថា លោកបានទទួលព័ត៌មានពី ប្រជាពលរដ្ឋតាមទូរស័ព្ទ មុនពេលកម្លាំង នគរបាលរបស់លោក បានរាយការណ៍ មកម្ល៉េះ ។ លោកស្នងការ បានបន្តទៀតថា ក្រោយទទួល ព័ត៌មានភ្លាម ពីប្រជាពលរដ្ឋ លោកបានបញ្ជាឲ្យ កម្លាំងនគរបាល ការិយាល័យ ពន្លត់អគ្គិភ័យ របស់ស្នងការ ចេញជួយអន្តរាគមន៍ភ្លាមៗ ប៉ុន្តែទន្ទឹមនឹងនេះ ដោយសារតែស្ថានផ្លូវពីព្រោះមានស្ពានតូចៗ សម្រាប់ការ ធ្វើដំណើរ របស់រថយន្តពន្លត់អគ្គិភ័យ និងមានចំងាយជិត៤០គីឡូម៉ែត្រ ទំរាំទៅដល់កន្លែង កើតហេតុនោះ លោកបានសុំអន្តរាគមន៍ ពីសំណាក់ក្រុមហ៊ុន ចំការកៅស៊ូ ហេងឡុង ឲ្យជួយបញ្ជូន រថយន្តទៅជួយបាញ់ពន្លត់ផងដែរ ដោយសារតែ ទីតាំងក្រុមហ៊ុន មានចំងាយប្រមាណ ៨គីឡូម៉ែត្រ ពីទីតាំងកើតហេតុនោះ។ លោកឧត្តមសេនីយ៍ បានបន្តទៀតថា បើមិនបានរថយន្ត ពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន ហេងឡុង ចេញជួយ អន្តរាគមន៍នោះទេ ច្បាស់ជាស្ថានភាព អគ្គិភ័យនឹងធ្ងន់ធ្ងរជាក់ជាមិនខានឡើយ ។ ដោយសារតែមាន ស្ថានភាព និងបញ្ហានេះកើតឡើងដោយផ្ទាល់ និងជាបទពិសោធន៍ នោះ ស្នងការនគរបាល ខេត្តកំពង់ចាម បានថ្លែង បញ្ជាក់ថា លោកនឹងសុំគោល ការណ៍បន្ថែម ពីអភិបាល ខេត្តកំពង់ចាម ដើម្បីដាក់រថយន្ត ពន្លត់អគ្គិភ័យជាប្រចាំ នៅស្រុកស្ទឹងត្រង់ ដើម្បីជួយអន្តរាគមន៍ ក្នុងករណីដែលមាន អគ្គិភ័យណាមួយ កើតឡើងនោះ ពីព្រោះ ពេលខ្លះរថយន្ត ជួយអន្តរាគមន៍ នៅឯស្នងការនោះ ពិតជាត្រូវ ចំណាយពេល ក្នុងការបញ្ជូនទៅបាញ់ពន្លត់ ៕ ប្រភព ដើមអម្ពិល

0 comments:

Post a Comment

 
Toggle Footer